
ក្រុមហ៊ុនស៊ីនបាយអូថេកឈូសព្រៃធ្វើផ្លូវចម្ងាយជាង ១០គីឡូម៉ែត្រដើម្បីដឹកឈើចេញពីតំបន់ព្រៃឡង់
ថ្ងៃចេញផ្សាយៈ October 7, 2023
ក្រុមហ៊ុនស៊ីនបាយអូថេកឈូសព្រៃធ្វើផ្លូវចម្ងាយជាង ១០គីឡូម៉ែត្រដើម្បីដឹកឈើចេញពីតំបន់ព្រៃឡង់
ល្បីយូរហើយករណីក្រុមហ៊ុនស៊ីនបាយអូថេក កាប់ព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ,ខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។ ហើយអ្វីដែលលើសពីនេះទៀតនោះគឺក្រុមហ៊ុននេះបានឈូសព្រៃ ធ្វើផ្លូវចម្ងាយជាង១០គីឡូម៉ែត្រពីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន ចូលទៅក្នុងតំបន់ព្រៃឡង់។ រីឯលោកលី ឈូឆាង នាយកក្រុម ហ៊ុនស៊ីនបាយអូថេក ស្រែកប្រកែកតាមទម្លាប់ថា ក្រុម ហ៊ុនរបស់លោក មិនជាប់ពាក់ព័ន្ធនឹងករណីឈូសឆាយផ្លូវដើម្បីដឹកឈើនោះទេ។ បើក្រុមហ៊ុនស៊ីនបាយអូថេកមិនពាក់ព័ន្ធ ហេតុអ្វីបានជាផ្លូវនោះចេញពីស្នាក់ការក្រុម ហ៊ុនទៅវិញ? យ៉ាងណាក៏ដោយភស្តុតាង ដែលគេអាចរកឃើញតាមប្រព័ន្ធ satellite គឺខ្សែផ្លូវបានចេញពីស្នាក់ការក្រុមហ៊ុនឆ្ពោះទៅតំបន់ព្រៃឡង់។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនស៊ីនបាយអូរថេកបានចាប់ផ្ដើម ឈូសឆាយផ្លូវនៅអំឡុងខែ ប្រាំងក្នុងរង្វង់ចុងខែមីនាដើម្បីចូលទៅដឹកឈើ នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្ត ក្រចេះ។ ក្រុមហ៊ុនបានប្រើគ្រឿងចក្រ ដើម្បីសម្រុកក្នុងការឈូសឆាយធ្វើផ្លូវដែលគេប៉ាន់ប្រមាណថា ក្នុងរយៈ ពេល៤ឬ៥ថ្ងៃគេអាចធ្វើផ្លូវបានចំងាយប្រហែលជាង១ គីឡូម៉ែត្រ។ សកម្មភាពនៃការឈូសឆាយផ្លូវនោះទៀត សោតត្រូវគេប្រាប់ថា បានធ្វើទាំងយប់ទាំងថ្ងៃដើម្បីឲ្យឆាប់ហើយ ប្រញាប់ដឹកឈើចេញ។ ឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខាងលើនេះត្រូវបានកាត់ស្ទើររាបដល់ដីហើយបានដឹកចេញតាមរថយន្តធំៗ។
ក្រុមហ៊ុនដែលស្អុយឈ្មោះ ក្នុងរបបរកស៊ីកាប់ឈើនេះត្រូវបានបណ្ដាញផ្សព្វផ្សាយអន្តរជាតិរិះគន់យ៉ាងខ្លាំង។ក្រុមហ៊ុននេះល្បីល្បាញក្នុងរបរ មិនសុចរិតដែលបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា។ តាមប្រភពបានឲ្យដឹងថា ព្រៃឈើប្រមាណជាង៣ម៉ឺនហិចតា ក្រោមលេសដីព្រៃសម្បទានត្រូវក្រុមហ៊ុននេះ កាប់បំផ្លាញក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាក់ស្ដែងពេលនេះគឺគេបានបង្ហាញយ៉ាងច្បាស់អំពីតម្រាយផ្លូវ ដែលក្រុមហ៊ុនទើបនឹងបានឈូសឆាយថ្មីៗ ដើម្បីចូលទៅដឹកឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កាសែតបរទេសបានហែកកកាយឈ្មោះក្រុមហ៊ុនស៊ីនបាយអូថេក ក្នុងរបរមិនសុចរិត ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ប្រជាជាតិខ្មែរ។
មកដល់ពេលនេះក្រុមហ៊ុននៅតែបន្តកាប់ឈើ និងដឹកចេញតាមរថយន្តធំៗជារៀងរាល់ថ្ងៃ។ ក្រោមលេសនៃព្រៃឈើសម្បទាន,ការកាប់បំផ្លាញនិង ចលនាឱ្យប្រជា ពលរដ្ឋចូលព្រៃ ដើម្បីកាប់ឈើឲ្យខ្លួននៅតែបន្តកើត មាន។ ប្រជាពលរដ្ឋបានកែណ្ឌប្រមូលគ្នា ចូលព្រៃដើម្បីកាប់ឈើលក់ឲ្យក្រុមហ៊ុនស៊ីនបាយអូថេក ហើយក្រុម ហ៊ុននេះក៏មានគ្រឿងចក្រខ្លួនឯង ដើម្បីកាប់ឈើផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងបណ្ដាខេត្ត ដែលពាក់ព័ន្ធនឹងវិនាសកម្មព្រៃឈើនេះមិនដែលមានប្រតិកម្មយ៉ាងណានោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ត្រូវគេមើលឃើញថាទំនងជាបានលាភសក្ការៈពីក្រុមហ៊ុនសិនបាយអូថេកនោះហើយ៕ អរគុណសន្តិភាព
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 012955530/0713947888






