
ស្លុតចិត្ត ! នាយ ក្តឹប បាន ទទួលមរណភាព ហើយ ក្នុង ជន្មាយុ ៦២ ឆ្នាំ
រាជធានីភ្នំពេញ ៖ តារាកំប្លែងជើងចាស់នាយ ក្តឹប ដែលមានឈ្មោះពេញថា ឃុន ចាន់ក្តឹប បានទទួលមរណភាពហើយ នៅក្នុងជន្មាយុ៦២ឆ្នាំ ដោយសាររោគាពាធ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង៤៥នាទី។ បច្ចុប្បន្នស.ពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមកូនស្រីនាយ ក្តឹប បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចឱ្យដឹងថា តាមគម្រោង ស.ពរបស់លោកនឹងត្រូវរៀបចំពិធីបូជានៅក្នុងវត្តពោធិ៍ព្រឹក ហៅវត្តខ្ទរ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
កូនស្រីរបស់តារាកំប្លែងរូបនេះ បានបញ្ជាក់ថា ឪពុករបស់នាងបានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺប្រមាណ៤ឆ្នាំ ហើយចាប់ផ្តើមធ្ងន់ក្នុងរយៈពេលប្រមាណកន្លះខែចុងក្រោយនេះ។
នាងបន្តថា ជំងឺឪពុក គឺត្រូវការថវិកាជាច្រើនសម្រាប់ព្យាបាល ហើយក្រុមគ្រួសារបានប្រើថវិកាអស់ពីខ្លួន រហូតជំពាក់បំណុលគេថែមទៀតផង ហេតុនេះសម្រាប់ការរៀបចំពិធីបុណ្យស.ពឪពុកនាង គឺក្រុមគ្រួសារមានការខ្វះខាតមុខក្រោយនៅឡើយ។
យ៉ាងណា បើតាមកូនស្រីនាយ ក្តឹប បានបន្ថែមថា ក្រោយបានទទួលដំណឹងពីមរណភាពឪពុករបស់នាងនោះ ក៏មានសប្បុរសជននានាជាបន្តបន្ទាប់បានចូលរួមជាថវិកាសម្រាប់គ្រួសារនៅក្នុងដំណើរការធ្វើបុណ្យនាពេលនេះ។ កូនស្រីនាយ ក្តឹប អះអាងបន្ថែមថា ក្រៅពីអាជីពសិល្បៈឪពុករបស់នាង គ្មានមុខរបរអ្វីផ្សេងឡើយ ក្រៅពីទំនេរពីការសម្តែង គាត់តែងតែទៅដាក់ម៉ងរកត្រីនៅទន្លេ។
យ៉ាងណាម៉ិញ ដំណឹងមរណភាពរបស់នាយ ក្តឹប នាពេលនេះ បានធ្វើអោយមហាជន ជាពិសេសអ្នកសិល្បៈបានសម្តែងការសោកស្តាយ និងបានបង្ហោះសារតាមបណ្តាញសង្គម ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាយ ក្តឹប នាពេលនេះផងដែរ។
ជាការកត់សម្គាល់ ស្ថានភាពជំងឺរបស់តារាកំប្លែកនាយ ក្តឹប បានឈានដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីលោកបានទទួលរងនូវជំងឺជាច្រើនប្រភេទ និងធ្លាក់ខ្លួនឈឺធ្ងន់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តារាកំប្លែង នាយ ក្តឹប បានពើបប្រទះនូវជំងឺជាច្រើនមុខដូចជា ៖ ទឹកក្នុងសួត បេះដូង លើសជាតិស្ករ និងស្ពតសរសៃឈា.ម រហូតធ្វើអោយលោកស្លា.ប់មួយចំហៀងខ្លួនទៀតផង។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារស្ថានភាពកាន់តែដុនដាប នាយ ក្តឹប បានត្រឹមសម្រាកព្យាបាលជំងឺតែនៅលើកន្ទេល ដោយមិនអាចធ្វើអ្វីបានឡើយ។
កន្លងមក អំឡុងពេលសម្រាកព្យាបាលជំងឺ គេសង្កេតឃើញមានសប្បុរសជន និងសមាគមសិល្បៈបានចូលរួមជួយឧបត្ថម្ភរូបលោកជាបន្តបន្ទាប់ផងដែរ។ យ៉ាងណា ដោយសារស្ថានភាពជំងឺត្រូវការថវិកាច្រើនសម្រាប់ព្យាបាលនោះ កន្លងមក ក្រុមគ្រួសារនាយ ក្តឹប ក៏បានប្រកាសលក់ផ្ទះ ដើម្បីយកលុយសងគេដែលបានខ្ចីមើលជំងឺ។
គួរបញ្ជាក់ថា នាយ ក្តឹប ត្រូវបានចាត់ទុកជាតារាកំប្លែងជើងចាស់មួយរូបផងដែរ ដោយលោកតែងតែផ្តល់សំណើចសើចក្អាកក្អាយសម្រាប់ទស្សនិកជនទស្សនា។ តារាកំប្លែងរូបនេះ ក៏ជាសមាជិកនៅក្នុងក្រុមនាយ ក្រឹម ដែលតែងតែបង្ហាញវត្តមានសម្តែងនៅលើឆាកតន្ត្រីស្រុកស្រែ និងសំណើចចុងសប្តាហ៍នៅស្ថានីយទូរទស្សន៍បាយ័ន៕ អរគុណសន្តិភាព