ប្រធានអាស៊ាន ៖ អាស៊ានបូកបីតែងប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ចទោះបីស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ជា​ការ​ពិត​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​អាស៊ាន​បូក​បី​តែងតែ​ប្រកាន់ខ្ជាប់​ស្មារតី​រួបរួម​គ្នា​ជា​និច្ច​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី (APT) នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សណ្ឋាគា​សុខា​ថា ប្រទេស​អាស៊ាន​បូក​បី (APT) ដែល​មាន​សមាជិក​អាស៊ាន​ទាំង​១០ បូក​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺជា​ដៃគូ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​អាស៊ាន​គ្រប់​ទិដ្ឋភាព​ទាំងអស់​ទាំង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច សន្តិភាព និង​នយោបាយ​។

សម្ដេច​តេ​ជោ បន្ត​ថា ការ​ជួបជុំ​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​បូក​បី និង​ការ​ពង្រឹង​ក៏​ដូច​ជា កាន់តែ​ស៊ីជម្រៅ និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​លំបាក​នានា​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សកល​។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ជា​ការ​ពិត​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ អាស៊ាន​បូក​បី តែងតែ​ប្រកាន់ខ្ជាប់​ស្មារតី​រួបរួម​គ្នា​ជា​និច្ច​។​មក​ដល់​ថ្ងៃនេះ ភាគ​ជោគជ័យ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន​បូក​បី​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ពី​ការ​ប្រតិបត្តិការ​ជិត​ស្និទ្ធ និង​សាមគ្គីភាព​ដ៏​រឹង​មាំ​របស់​យើង​»​។

សូម​បញ្ជាក់​ថា ដំណើរការ​កិច្ច​សហប្រតិបត្តិការ អាស៊ាន​បូក​បី (APT) បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៩៩៧ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​បាន​វិ​វ​ឌ្ឍ​ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា ឆ្ពោះទៅ​រក​គោលដៅ​រយៈពេល​វែង​នៃ​ការ​កសាង​សហគមន៍​អាស៊ី​បូព៌ា​ដោយ​មាន​អាស៊ាន​ជា​កម្លាំង​ច​លករ​។

អាស៊ាន​បូក​បី បាន​ក្លាយជា​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ ដ៏​ទូលំទូលាយ​បំផុត​មួយ​នៅ​ក្នុង​តំបន់ ហើយ​កិច្ច​សហប្រតិបត្តិការ អាស៊ាន​បូក​បី​ត្រូវ​បាន​ពង្រីក និង​ស៊ីជម្រៅ​លើ​វិស័យ​ជា​ច្រើន រួម​ទាំង​ផ្នែក​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម និង​ការ​វិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និង​ព្រៃឈើ បរិស្ថាន ការ​អប់រំ សុខភាព វប្បធម៌ និង​សិល្បៈ​ជាដើម​៕ អរគុណសន្តិភាព