ពិតជា កម្សត់ ណាស់ ! រ៉ ន ចាន់ ឌី ន ធ្លាប់ ដើរ រើស សំរាម មុន ក្លាយជា តារាចម្រៀង មួយ ដួង

រា​ជ​ធានី​ភ្នំពេញ ៖ ខ្សែជីវិត​មនុស្ស​ម្នាក់​ៗ គឺ​មិន​ដូច​គ្នា​នោះ​ទេ ដូច​ពាក្យ​គេ​តែងតែ​ពោល​ថា យើង​មិន​អាច​រើស​កន្លែង​កំណើត​បាន​ឡើយ តែ​យើង​ជា​អ្នក​កំណត់​វាសនា​របស់​យើង​នា​ពេល​អនាគត​។ តួយ៉ាង​អតីត​បេក្ខភាព​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The voice kid Cambodia កញ្ញា រ៉​ន ចាន់​ឌី​ន ដែល​ម្រិ​យ​មិត្ត​គ្រប់​គ្នា​ធ្លាប់​បាន​ស្គាល់​កញ្ញា​រួច​មក​ហើយ តាម​រយៈ​ការ​ប្រឡង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ គឺ​មាន​ខ្សែជីវិត​កំសត់ និង​លំបាក​តាំងពី​កុមារភាព​មក​ម្ល៉េះ​។

បើ​តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា ចាន់​ឌី​ន បានឱ្យ​ដឹង​ថា ជីវិត​ពី​កុមារភាព​របស់​នាង គឺ​តស៊ូ​ខ្លាំង​ណាស់ ត្រូវ​ប្រឡូក​ការងារ​សឹង​គ្រប់មុខ ក្នុង​នោះ​សូ​ម្បី​តែ​ពេល​ខ្លះ​នាង​ត្រូវ​ដើរ​រើស​សំរាម ដើម្បី​យក​ទៅ​លក់​រក​លុយ​ជូន​ម្តាយ និង​សម្រាប់​ការ​សិក្សា​។

ពោល​ក្នុង​សម្លេង​អួល​ដើម​.​ក កញ្ញា ចាន់​ឌី​ន បាន​និយាយ​ថា នាង​រស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​បាន​បែកបាក់​គ្នា​តាំងពី​នាង​នៅ​តូច​ក្រូចឆ្មា​មក​ម្ល៉េះ​។ កាលនោះ គឺ​ឪពុក​របស់​នាង​បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​កញ្ញា​នៅ​អាយុ​៩​ឆ្នាំ ដោយ​ជីវិត​នា​ពេល​នោះ​ពិតជា​លំបាក​ខ្លាំង ណាមួយ​ម្តាយ​កញ្ញា​មាន​ផ្ទៃពោះ ហើយ​ឪពុក​ក៏​បាន​ចាក​ចេញពីផ្ទះ អាច​រក​សុភមង្គល​ក្នុង​គ្រួសារ​មិនឃើញ​ឡើយ គឺ​មាន​សម្បុក​ហើយ​នៅ​តែរ​ងារ​។

កញ្ញា ចាន់​ឌី​ន ដែល​ជា​ក្មេង​ស្រី​មាន​សម្បុរ​ស្រអែម​ស្រស់ និង​បច្ចុប្បន្ន​ប្រែជា​មាន​សាច់​ឈា​.​ម​ភ្លឺ​ថ្លា បាន​បន្ត​ថា បន្ទាប់​ពី​ឪពុក​កញ្ញា​បាន​លែងលះ​គ្នា ជីវិត​កញ្ញា​ដូច​ជា​ចក​នៅ​កណ្តាល​សាគរ គឺ​កញ្ញា​ជួប​ការ​លំបាក​ជា​ច្រើន ជីវភាព​មានការ​ខ្វះខាត ដោយ​កាលនោះ​ម្តាយ​កញ្ញា​បាន​ធ្វើការ​រោងចក្រ​ផង ចិញ្ចឹម​កូន​ផង ចំណែក​កញ្ញា​វិញ ជួនកាល​ចេញពី​រៀន​ដើរ​រើស​អែ​ត​ចាយ ដើម្បី​បាន​លុយ​ទៅ​រៀន​ក៏​មាន​។

កញ្ញា រ៉​ន ចាន់​ឌី​ន ថា កញ្ញា​បាន​ទម្លាយ​មូលហេតុ​ទាំងនេះ ដោយសារ​កញ្ញា​ចង់​ជួប​ពុក​ជា​ខ្លាំង កញ្ញា​មិន​ដែល​ខឹង​នឹង​ឪពុក​ម្តងណា​ឡើយ ទោះបីជា​ពុក​បាន​ចាក​ចេញពីផ្ទះ​តាំងពី​កញ្ញា​នៅ​តូច​ក៏​ដោយ​។ ចាន់​ឌី​ន បញ្ជាក់​ថា នាង​យល់​ថា រាល់​ការ​លំបាក​ទាំងនេះ អាច​និយាយ​បាន​ថា នេះ​ជា​រសជាតិ​ជីវិត ដែល​វា​ធ្វើ​ឱ្យ​កញ្ញា​កាន់តែ​រឹង​មាំ​ជ​ន្នះ​បាន​នូវ​ការ​លំបាក​មួយ​នេះ​។

តារាចម្រៀង​ស្រី​វ័យក្មេង​រូប​នេះ ក៏​បាន​រំលឹក​ដល់​អតីតកាល​ជូរ​ចត់​ថា នៅ​ពេល​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា​នោះ គឺ​ម្តាយ​របស់​កញ្ញា​ចង់​គិត​ខ្លី​ផង​ដែរ ប៉ុន្តែ​ក្រោយមក​គាត់​ក៏​បាន​ប្តូរ​ចិត្ត ដោយសារ​តែ​គាត់​គិត​ត្រូវ និង​បាន​គិត​ថា នៅ​មានកូន​តូច​ៗ​ត្រូវ​ចិញ្ចឹម ដូច្នេះ​ការ​គិត​ខ្លី​មិនមែន​ជា​ផ្លូវ​ល្អ​នោះ​ឡើយ​។

ជា​ការ​ពិត​ណាស់ បងប្អូន​ធ្លាប់តែ​ឃើញ​ស្នាមញញឹម​របស់​កញ្ញា ចាន់​ឌី​ន តាម​រយៈ​ការ​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី ប៉ុន្តែ​មិនដឹង​ពី​ភាព​លំបាក​របស់​កញ្ញា​ឡើយ​។ រ៉​ន ចាន់​ឌី​ន ដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ សម​នឹង​បទ​មនោសញ្ចេតនា តែងតែ​បំពេរ​អារម្មណ៍​ប្រិ​យ​មិត្ត​តាម​រយៈ​បទ​ចម្រៀង​មរតក​ដើម​ជា​ច្រើន ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ក្មេង​ស្រី​ដែល​ខ្លាំង និង​តស៊ូ​ក្នុង​ឆាកជីវិត​មិន​ដែល​ចុះចាញ់​ព្រហ្ម​លិខិត​ឡើយ​។

កញ្ញា ចាន់​ឌី​ន បាន​បន្ត​ថា ខ្សែជីវិត​នៅ​ពេល​ដែល​គ្មាន​ឪពុក​ពិតជា​លំបាក ដូច្នេះ​ជា​ចុង​ក្រោយ​កញ្ញា​មិន​មាន​អ្វី​ច្រើន​ទេ គឺ​កញ្ញា​គ្រាន់តែ​ចង់អោយ​ឪពុក​ម្តាយ​កញ្ញា​ត្រូវ​គ្នា​វិញ​តែ​ប៉ុណ្ណោះ ព្រោះ​គ្មាន​អ្វី​ដែល​ល្អជា​សុភមង្គល​នៅ​ក្នុង​គ្រួសារ​នោះ​ឡើយ​៕ អរគុណសន្តិភាព